ពីហិរញ្ញវត្ថុដល់ការនាំចេញកសិផល៖ គណៈប្រតិភូកម្ពុជាបានបញ្ចប់សម្ព័ន្ធភាពយុទ្ធសាស្ត្រ និងផ្តួចផ្តើមធុរកិច្ចសំខាន់ៗនៅសហព័ន្ធរុស្ស៊ី
- Save Roman
- Nov 19, 2025
- 1 min read

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី គណៈប្រតិភូបានទទួលការគាំទ្រពីស្ថានទូត បានពិភាក្សាអំពីហិរញ្ញវត្ថុនៅធនាគារ ALPHA-BANK ការនាំចេញគ្រាប់ស្វាយចន្ទីនៅទីក្រុងមូស្គូ បានទស្សនកិច្ចរោងចក្រ «Lyubimy Krai» «Baltika» និង «Trading House Simpllo »ហើយក៏បានចងសម្ព័ន្ធភាពនៅវេទិកា BRICS+ ក្នុងទីក្រុង St. Petersburg ផងដែរ។
[រាជធានីភ្នំពេញ, កម្ពុជា – ០៧ ខែវិច្ឆិកា ឆ្នាំ២០២៥]
គណៈប្រតិភូនៃ ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ បណ្ឌិត ញិល រដ្ឋា (Dr. GNEL Rattha) ប្រធានសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី (CRTH) បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងាររបស់ខ្លួននៅសហព័ន្ធរុស្ស៊ី ដែលដំណាក់កាលសំខាន់គឺការចូលរួមក្នុង វេទិការដ្ឋបាលមូលដ្ឋានអន្តរជាតិ BRICS (ММФ БРИКС) និង វេទិកា-ពិព័រណ៍អន្តរជាតិលើកទី ២៩ «ឧស្សាហកររុស្ស៊ី» (ដែលបានប្រព្រឹត្តទៅរួមគ្នានៅថ្ងៃទី ២៩-៣១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង St. Petersburg) និងបេសកកម្មធុរកិច្ចនារដ្ឋធានីមូស្គូ ថ្ងៃទី ០១-០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ព្រឹត្តិការណ៍ឆ្នាំ២០២៥ នេះ បានក្លាយជាព្រឹត្តិការណ៍ ពិសេស ដោយប្រារព្ធខួប ១២០ ឆ្នាំ នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី។ វេទិកា-ពិព័រណ៍រួមគ្នានេះ បានបង្ហាញពីទំហំដ៏ធំសម្បើម ដោយមានចំនួនអ្នកចូលរួមសរុប រួមទាំងព្រឹត្តិការណ៍ ММФ БРИКС ផងដែរ មានរហូតដល់ជាង ៣៧ ០០០ នាក់ មកពី ៤២ តំបន់នៃប្រទេសរុស្ស៊ី និង ៣៥ ប្រទេស ជុំវិញពិភពលោក។

គណៈប្រតិភូ CRTH ក្រោមការសម្របសម្រួលដោយ UITH បានចូលរួមធ្វើ B2B មួយចំនួននៅវេទិកានេះ ដែលបង្ហាញពីសកម្មភាពពាណិជ្ជកម្មដ៏សកម្មមិនធ្លាប់មាន។ យោងតាមរបាយការណ៍របស់ក្រុមការងារសម្របសម្រួលបានបង្ហាញថា គ្រាន់តែនៅថ្នាលទំនាក់ទំនងធុរកិច្ច និង ថ្នាលនៃការដោះដូរទំនិញនាំចូល មានអតិថិជនចូលរួម ៤៥០ នាក់ និងអ្នកផ្គត់ផ្គង់ ៥៨០ នាក់ ដែលបានរៀបចំជំនួបប្រមាណ ២០០០ លើក។ សក្តានុពលទិញសរុបដែលបានចុះហត្ថលេខាបន្ទាប់ពីការចរចានៅវេទិកា នេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១០ ពាន់លានរូស្ស៊ី (140 លានដុល្លារ)។
ព្រឹត្តិការណ៍សំខាន់នៅខាងក្រៅវេទិកា គឺការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងយុទ្ធសាស្ត្រត្រីភាគី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ រវាងក្រុមហ៊ុន M.O.Y.A Cambodia (កម្ពុជា) និង «សហព័ន្ធផ្ទះពាណិជ្ជកម្មអន្តរជាតិ» (СМТД, UITH) ប្រទេសរុស្ស៊ី។


Comments